ព្រះរាជាណាចក្រថៃ ជាម្ចាស់ផ្ទះ ឆ្នាំ២០២៤
កាលពីថ្ងៃទី ១-៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានដឹកនាំគណៈប្រតិភូយុវជនកម្ពុជាចំនួន៥រូប ចូលរួមមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ ដែលហៅជាភាសាអង់គ្លេសថា 34th SSEAYP International General Assembly (SIGA) 2024 ។ មហាសន្និបាតនេះ ជាព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នារវាងបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលជាសមាជិកនៃ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ។ គោលបំណងរបស់កម្មវិធីនេះ រួមមាន ទី១ បង្កើតឱកាសជួបជុំអតីតអ្នកចូលរួមកម្មវិធី SSEAYP ដើម្បីបន្តពង្រឹងទំនាក់ទំនង ការយោគយល់ និងកិច្ចសហប្រតិបត្តិការ និងទី២ ផ្លាស់ប្តូរបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពចូលរួមសង្គមផ្សេងៗ របស់បណ្តាប្រទេសជាសមាជិក (Alumni Associations) និងលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP International Secretariat)។
ព្រឹតិ្តការណ៍មហាសនិ្នបាត ឆ្នាំ២០២៤ នេះ បានទទួលស្វាគមន៍ប្រតិភូចូលរួមប្រមាណជាង២០០នាក់ មកពីបណ្តាប្រទេសអាស៊ាននិង ជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាន របាយការណ៍សកម្មភាពតាមប្រទេស វេទិកាជជែកពិភាក្សា ទស្សនកិច្ចសិក្សា និងការទស្សនាការសម្តែងទស្សនីយភាពសិល្បៈ។ មហាសន្និបាត ឆ្នាំ២០២៤នេះ បានដំណើរទៅប្រកបដោយភាពរលូននិងមានថាមពល រឹតបន្តឹងនូវចំណងមេត្រីភាព ក្តីសោមនស្សរីករាយ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរៀបចំរបស់សមាគមអតីតអ្នកចូលរួមកម្មវិធី ASSEAY Thailand រួមសហការជាមួយក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាលថៃ។
អំពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០នាក់។ កម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០០ បន្ទាប់មក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ បច្ចុប្បន្ន សមាគមមានសមាជិកកម្ពុជាសរុបចំនួន៦០០នាក់ ដែលភាគច្រើនបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋ និង វិស័យឯកជន។
ពានរង្វាន់ដល់អ្នកដឹកនាំឆ្នើម
លោក កង ឫទ្ធីសាល ដែលជាយុវជនចូលរួមកម្មវិធីឆ្នាំ២០០៣ និងជាអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០០៧-២០០៨ បានទទួល «SI Award 2024» ដែលជាពានរង្វាន់អ្នកដឹកនាំឆ្នើម នៃកម្មវិធី SSEAYP អន្តរជាតិ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ មហាសន្និបាតនេះ។ យោងតាមលក្ខន្តិកៈរបស់លេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធី SSEAYP ចាប់តាំងពីឆ្នាំ១៩៩៦មក ពានរង្វាន់អ្នកដឹកនាំឆ្នើម ត្រូវបានប្រគល់ជូន ជារៀងរាល់៣ឆ្នាំម្តង ដើម្បីផ្តល់កិតិ្តយសចំពោះបុគ្គល ឬស្ថាប័ន មកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលមានគុណសម្បត្តិល្អប្រសើរនិងលេចធ្លោ ក្នុងការដឹកនាំសម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗ របស់កម្មវិធី SSEAYP និងការអភិវឌ្ឍសហគមន៍។
កម្ពុជាចូលរួមដឹកនាំអាណត្តិថ្មីនៃលេខាធិការដ្ឋានអន្តរជាតិ
របៀបវារៈមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាន (Councils of Presidents Meeting) ក្នុងកំឡុងពេលមហាសន្និបាតឆ្នាំ២០២៤នេះ គឺអាណត្តិថ្មីឆ្នាំ២០២៤-២០២៥ នៃលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន។ លេខាធិការដ្ឋានអន្តរជាតិនេះ ត្រូវដឹកនាំដោយ អគ្គលេខាធិការ១រូប និងអគ្គលេខាធិការរង២រូប ដែលជាអ្នកតំណាងមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន តាមការជ្រើសតាំងនិងអនុម័តរបស់ក្រុមប្រឹក្សាប្រធាន។ ជាលទ្ធផល កិច្ចប្រជុំនេះបានអនុម័តជ្រើសតាំង លោក កង ឫទ្ធីសាល អ្នកតំណាងមកពីប្រទេសកម្ពុជា ជាអគ្គលេខាធិការរង នៃលេខាធិការដ្ឋានអន្តរជាតិនេះ ដើម្បីចូលរួមដឹកនាំ ក្នុងអាណត្តិថ្មី ជាមួយនឹង អគ្គលេខាធិការ១រូប និងអគ្គលេខាធិការរង១រូប ទៀត មកពីប្រទេសជប៉ុន។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ២០២៥
នៅឯពិធីបិទមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ លោក ហោ សំណាង បានទទួលទង់ ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ព្រឹតិ្តការណ៍ឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអញ្ជើញអ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន កាន់តែច្រើននិង ផុសផុលជាងមុន។ លោក ហោ សំណាង បានថ្លែងក្នុងសុន្ទរកថានៃពិធីទទួលធ្វើជាម្ចាស់ផ្ទះនេះថា៖ «ខ្ញុំសូមអញ្ជើញអ្នកចូលរួម ទាំងអស់មកព្រះរាជាណាចក្រកម្ពុជា ដើម្បីបានទស្សនារាជធានីបូរាណនិងមរតកវប្បធម៌ដ៏ស្តុកស្តម្ភរបស់កម្ពុជា បានស្គាល់ប្រជាជន កម្ពុជាដែលប្រកបដោយភាពរួសរាយរាក់ទាក់ និងបានយល់ពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខ សន្តិភាព ស្ថិរភាព និងភាពរីកចម្រើនលើគ្រប់វិស័យ»។
ព្រឹតិ្តការណ៍នេះ នឹងចូលរួមបង្ហាញនិងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជាជូនដល់អ្នកទស្សនា ដែលមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន និងចូលរួមផ្តល់ផលវិជ្ជមានផែ្នកសេដ្ឋកិច្ចនិងទេសចរណ៍ សម្រាប់ខេត្តសៀមរាប ផងដែរ។ គួររំលឹកផងដែរថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹតិ្តការណ៍មហាសន្និបាតនេះ ចំនួន២ដង រួចមកហើយ ក្នុងឆ្នាំ២០០៧ និង២០១៦ ប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពីក្រសួង-ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា៕