ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានអនុញ្ញាតឱ្យប្រតិភូនាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ និងថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេប ដោយលោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងលោក ម៉ិល ផនសីហា ប្រធានដឹកនាំប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៧ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានអនុសាសន៍ផ្ដាំផ្ងើ ៥ចំណុចសំខាន់ ដូចខាងក្រោម៖

១. ការត្រៀមខ្លួនឱ្យបានប្រសើរ៖ តាមរយៈការសិក្សាស្រាវជ្រាវលើចំណេះដឹងពាក់ព័ន្ធនានា ដើម្បីចូលរួមរាល់សកម្មភាពជាមួយយុវជនដទៃទៀតប្រកបដោយមោទនភាពជាតិ និងលើកតម្កើងវប្បធម៌អរិយធម៌ជាតិ ជាពិសេស គុណតម្លៃដ៏មហាសាលនៃសុខសន្តិភាព។

២. ភាពជាតំណាង៖ អនុវត្តសកម្មភាពនានា ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងនាមជាយុវជនកម្ពុជា។

៣. ការពង្រឹង និងរក្សាសាមគ្គីភាពផ្ទៃក្នុងក្រុម៖ រៀនរស់នៅជាមួយគ្នា យោគយល់អធ្យាស្រ័យគ្នា ដើម្បីបង្ហាញពីភារតភាពជាធ្លុងមួយរបស់ប្រតិភូកម្ពុជា។

៤. ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយយុវជននៃបណ្ដាប្រទេសជាមិត្ត ក្នុងនាមជាអ្នកដឹកនាំ នាពេលអនាគត។

៥. ការយកចិត្តទុកដាក់រៀនសូត្រពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបេសកម្មនេះ ដើម្បីកសាងខ្លួនជាមូលធនមនុស្ស ប្រកបដោយថាមពលរបស់ប្រទេសជាតិ។

អនុសាសន៍ល្អៗទាំងអស់នេះ នឹងក្លាយជាទុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រតិភូយុវជនប្រើប្រាស់ ក្នុងពេលចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៧ នាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ប្រតិភូយុវជន ទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីណែនាំ និងតម្រងទិស នៅថ្ងៃទី១២ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយភាគីជប៉ុន និងបន្តចូលរួមកម្មវិធីដោយផ្ទាល់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។